2 Thessalonians 2

1បងប្អូនអើយ! ​ចំពោះ​ការ​យាងមក​របស់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងនិងការ​ដែល​យើង​ត្រូវ​ជួបជុំ​គ្នានៅចំពោះមុខ​របស់​ព្រះអង្គ​នោះ​យើង​អង្វរអ្នករាល់គ្នាថា 2កុំប្រញាប់ជ្រួលច្របល់ស្លន់ស្លោឡើយទោះបីដោយសារវិញ្ញាណណាពាក្យសំដីណាសំបុត្រ​ណា​ដែល​ទំនងជាមកពីយើងក្ដីដែលថាថ្ងៃរបស់ព្រះអម្ចាស់​បាន​មកដល់ហើយ 3កុំឲ្យ​អ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ដល់ឡើយលុះត្រាតែ​ការ​បះបោរនិងអាប្រឆាំងច្បាប់គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន 4វាគឺ​ជា​អ្នកប្រឆាំងហើយលើកតម្កើងខ្លួនខ្ពស់​ជាង​អ្វីៗដែល​គេ​ហៅថាព្រះអ្វីៗ​ដែល​គេ​ថ្វាយបង្គំ​ផង​ដូច្នេះ​ហើយ​បានជា​វា​អង្គុយក្នុង​ព្រះ​វិហាររបស់ព្រះជាម្ចាស់​ហើយ​តាំងខ្លួនជាព្រះ​ទៀត​ផង។ 5តើអ្នករាល់គ្នា​មិនចាំថាកាល​ខ្ញុំ​នៅជាមួយអ្នករាល់គ្នា​ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងនេះហើយទេ? 6ហើយឥឡូវនេះ​អ្នករាល់គ្នា​ស្គាល់អ្វីដែលឃាត់​វា​ហើយដើម្បី​ឲ្យ​វា​លេចមកតាមពេលកំណត់​របស់​វា 7ដ្បិតអាថ៌កំបាំងរបស់ការប្រឆាំងច្បាប់​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​ហើយគ្រាន់តែឥឡូវនេះ​មាន​អ្នក​កំពុង​ឃាត់​វា​លុះត្រាតែ​អ្នកនោះ​ត្រូវ​ដកចេញ 8ទើបអា​ប្រឆាំងច្បាប់នោះលេចមក​ហើយ​ព្រះអម្ចាស់យេស៊ូ​នឹង​សម្លាប់វាដោយខ្យល់ពីព្រះឱស្ឋ​របស់​ព្រះអង្គទាំងធ្វើ​ឲ្យ​វា​វិនាសដោយរស្មីនៃ​ការ​យាងមក​របស់​ព្រះអង្គ 9អាប្រឆាំងច្បាប់​នោះ​នឹង​មកដោយសារអំណាចរបស់​អារក្ស​សាតាំង​ទាំង​មានឫទ្ធិទីសំគាល់និងការអស្ចារ្យក្លែងក្លាយគ្រប់បែបយ៉ាង 10ព្រមទាំងការ​ឆបោកដ៏ទុច្ចរិតគ្រប់យ៉ាង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាសព្រោះ​ពួកគេ​មិនព្រមស្រលាញ់សេចក្ដីពិតដើម្បី​ឲ្យ​បាន​សង្គ្រោះឡើយ 11ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់​ឲ្យ​សេចក្ដី​បោកប្រាស់​ដ៏​មាន​អំណាចមកដើម្បី​ឲ្យ​ពួកគេជឿ​លើ​សេចក្ដី​ភូតភរ 12និងដើម្បី​ឲ្យ​អស់​អ្នក​ដែលមិនជឿ​លើ​សេចក្ដីពិតប៉ុន្តែពេញចិត្តនឹង​សេចក្ដី​ទុច្ចរិត​ត្រូវ​ទទួលទោស 13បងប្អូន​ដែល​ព្រះអម្ចាស់ស្រលាញ់អើយ! ​យើងត្រូវអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាជានិច្ចព្រោះព្រះជាម្ចាស់​បាន​ជ្រើសរើសអ្នករាល់គ្នា​ទុកជា​ផលដំបូងសម្រាប់សេចក្ដីសង្គ្រោះដោយសារ​ព្រះ​វិញ្ញាណញែក​អ្នករាល់គ្នា​ជា​បរិសុទ្ធហើយ​ដោយសារ​អ្នករាល់គ្នា​មាន​ជំនឿ​លើ​សេចក្ដីពិត 14ព្រះអង្គបាន​ត្រាស់ហៅអ្នករាល់គ្នាសម្រាប់​សេចក្ដី​សង្គ្រោះនេះតាមរយៈដំណឹងល្អ​របស់​យើងដើម្បី​ឲ្យ​អ្នករាល់គ្នា​ទទួល​បាន​សិរីរុងរឿងរបស់​ព្រះ​យេស៊ូគ្រិស្ត​ជា​ព្រះអម្ចាស់​របស់​យើង 15ដូច្នេះបងប្អូនអើយ! ​ចូរ​ឈរ​ឲ្យ​មាំមួនហើយកាន់តាមសេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នករាល់គ្នា​ចុះ​ទោះបីដោយពាក្យសំដីសំបុត្រក្ដី 16សូមឲ្យ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងនិងព្រះជាម្ចាស់ជា​ព្រះ​វរ​បិតាដែល​ព្រះអង្គ​ស្រលាញ់យើងព្រមទាំងប្រទាន​សេចក្ដី​កម្សាន្ដចិត្ដដ៏​អស់កល្ប​ជានិច្ចនិង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរតាមរយៈ​ព្រះ​គុណ 17លើកទឹក​ចិត្តអ្នករាល់គ្នាហើយពង្រឹង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើងក្នុងគ្រប់កិច្ចការល្អនិងពាក្យសំដីផង
Copyright information for KhmKCB